សហរដ្ឋអាមេរិកជម្លៀសបុគ្គលិកយោធាចេញពីមូលដ្ឋានដែនអាកាសនៅកាតា-លទ្ធភាពវាយប្រហារអ៊ីរ៉ង់ខ្ពស់
Thank you for reading this post, don't forget to subscribe!
សហរដ្ឋអាមេរិកចាប់ផ្តើមជម្លៀសបុគ្គលិកយោធារបស់ខ្លួនរាប់រយនាក់ចេញពីមូលដ្ឋានទ័ពអាកាស Al Udeid ដែលជាមូលដ្ឋានទ័ពដ៏ធំបំផុតរបស់ខ្លួននៅមជ្ឈិមបូព៌ា។ ការដកបុគ្គលិកយោធាខ្លះចេញមូលដ្ឋានយោធានេះត្រូវបានគេមើលឃើញថា អាមេរិកទំនងជាបើកការវាយប្រហារយោធាចូលទឹកដីអ៊ីរ៉ង់ដោយជៀសពុំរួច ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសច្ចារួចហើយថានឹងធ្វើអន្តរាគមន៍យោធាចូលទៅក្នុងប្រទេសអ៊ីរ៉ង់ដើម្បីជួយបាតុករផ្តួលរំលំរបបដឹកនាំផ្តាច់ការរបស់លោកអាយ៉ាតូឡា អាលី ខេមីណៃ។
យោងតាមប្រភពព័ត៌មានអន្ដរជាតិធំៗបានឱ្យដឹងនៅថ្ងៃទី១៤ ខែមករា ២០២៦នេះថា មូលហេតុដែលបុគ្គលិកទ័ពអាមេរិកដែលប្រចាំការនៅមូលដ្ឋានទ័ពអាកាសក្នុងប្រទេសកាតាកំពុងធ្វើការផ្លាស់ទីទៅកាន់ទីតាំងផ្សេងទៀតក្នុងតំបន់ ដើម្បីឱ្យធានា សុវត្ថិភាព ករណីដែលអាមេរិកអាចនឹងប្រើកម្លាំងយោធាវាយប្រហារទៅលើអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ឆ្លើយតបវិញលើមូលដ្ឋានយោធារបស់ខ្លួននៅក្នុងប្រទេសនៃតំបន់មជ្ឈិមបូព៌ាមួយនេះ។ ជាមួយគ្នានេះ រដ្ឋាភិបាលកាតាក៏បានបញ្ជាក់ថា ការសម្រួលបុគ្គលិកយោធានេះគឺ ឆ្លុះបញ្ចាំងភាពតានតឹងកើនឡើងក្នុងតំបន់ ។
បន្ថែមពីនេះស្ថានទូតអាមេរិកនៅមជ្ឈឹមបូព៌ាបានផ្ញើសារ ព្រមានទៅ ពលរដ្ឋអាមេរិកឲ្យ ប្រុងប្រយ័ត្នខ្ពស់ ហើយកាត់បន្ថយការធ្វើដំណើរណាដែលមិនមានការចាំបាច់ទៅកាន់តំបន់ដែលមានកងទ័ព។ សកម្មភាពនេះកើតឡើង ខណៈប្រធានាធិបតី ដូណាល់ ត្រាំ និយាយម្ដងទៀតថាលោកកំពុងពិចារណាលើជម្រើសជាច្រើនសម្រាប់សកម្មភាពយោធា ដែលអាចកើតនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការបង្ក្រាបដ៏សាហាវរបស់របបនេះចំពោះក្រុមបាតុករ ជាមួយគ្នានឹងលោកបញ្ជាឱ្យផ្ដាច់ការសន្ទនាគ្រប់កម្រិតទាំងអស់នឹងរដ្ឋាភិបាលអ៊ីរ៉ង់ហើយ។
កន្លងមកមន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ថា មូលដ្ឋានយោធាអាមេរិក និងអ៊ីស្រាអែលក្នុងតំបន់អាចក្លាយជាគោលដៅ ប្រសិនបើអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារមកលើប្រទេសរបស់ខ្លួន។ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានប្រកាសថា មជ្ឈមណ្ឌលយោធា និងដែនសមុទ្ររបស់សហរដ្ឋអាមេរិក នឹងក្លាយជាគោលដៅស្របច្បាប់របស់អ៊ីរ៉ង់។



















