សហរដ្ឋអាមេរិកត្រូវបានគេដឹងថា មានមូលដ្ឋានយោធាជាច្រើននៅតំបន់មជ្ឈិមបូព៌ាដែលគេមើលឃើញថាវាជាការបង្ហាញអំណាចយោធារបស់ខ្លួនជាយុទ្ធសាស្ត្រនៅក្នុងតំបន់នេះ។
មូលដ្ឋានយោធាអាមេរិកទាំងនោះមានទីតាំងស្ថិតនៅប្រទេសមួយចំនួននៅក្នុងតំបន់មជ្ឈិមបូព៌ាដូចជា ប្រទេសបារ៉ែន ប្រទេសកាតា គុយវ៉ែត សហព័ន្ធអារ៉ាប់រួម អ៊ីរ៉ាក់ ហ្សកដានី និងតួកគីជាដើម។បារ៉ែនគឺជាទីស្នាក់ការកណ្តាលនៃកងនាវាទី៥នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលកងទ័ពអាមេរិកដែលប្រចាំការនៅទីនោះមានតួនាទីទទួលខុសត្រូវលើការឃ្លាំមើលបញ្ហាសន្តិសុខនៅសមុទ្រក្រហម សមុទ្រអារ៉ាប់ និងផ្នែកខ្លះនៃសមុទ្រឥណ្ឌា។
Thank you for reading this post, don't forget to subscribe!
សម្រាប់ប្រទេសកាតា អាមេរិកបានបោះទីតាំងមូលដ្ឋានទ័ពអាកាសរបស់ខ្លួនមានឈ្មោះថា Al-Udeid ដែលមូលដ្ឋានយោធានេះមានទំហំរហូតដល់៥៩ហិកតា ស្ថិតនៅវាលលំហខ្សាច់ខាងក្រៅនៃរដ្ឋធានីដូហា។ មូលដ្ឋានទ័ពអាកាសនេះបានបម្រើការជាទីបញ្ជាការសម្រាប់កងទ័ពអាមេរិកធ្វើប្រតិបត្តិការលាតសន្ធឹងពីអេហ្ស៊ីបភាគខាងលិចរហូតដល់កាហ្សាក់ស្ថានភាគខាងកើត។ កងទ័ពអាមេរិកដែលប្រចាំការនៅមូលដ្ឋានទ័ពអាកាស Al-Udeid ត្រូវបានគេដឹងថាមានចំនួនជាង១០០០០នាក់ ហើយថ្មីៗនេះបើតតាមបញ្ជាការកណ្តាលអាមេរិកក៏បានឱ្យដឹងថាដៃគូក្នុងតំបន់បានបើកការសម្រមសម្រួលថ្មីមួយទៀតនៅឯមូលដ្ឋានទ័ពអាកាស Al-Udeid ក្នុងគោលបំណងពង្រឹងការការពារដែនអាកាសនិងមីស៊ីលរួមគ្នា។
សម្រាប់គុយវ៉ែត អាមេរិកក៏មានមូលដ្ឋានយោធា Camp Arifjan ដែលបម្រើតួនាទីជាទីស្នាក់ការកណ្តាលជួរមុខ និងមូលដ្ឋានទ័ពអាកាស Ali Al Salem ។ ជាមួយគ្នានេះ អាមេរិកក៏មានអង្គភាពកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយ Camp Buehring ផងដែរ ដែលអង្គភាពនេះត្រូវបានបង្កើតឡើងក្នុងអំឡុងសង្គ្រាមនៅអ៊ីរ៉ាក់ សម្រាប់បើកប្រតិបត្តិការក្នុងសង្គ្រាមជាមួយអ៊ីរ៉ាក់និងស៊ីរីផងដែរ។ សម្រាប់សហព័ន្ធអារ៉ាប់រួមអាមេរិកមានមូលដ្ឋានទ័ពអាកាសAl Dhafra ដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានី Abu Dhabi ។
មូលដ្ឋានទ័ពអាកាសAl Dhafra បានបម្រើការសម្រាប់ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋឥស្លាម ក៏ដូចជាការឈញលបយកការណ៍តំបន់នៅទូទាំងមជ្ឈិមបូព៌ានេះទាំងមូល។ នៅប្រទេសអ៊ីរ៉ាក់អាមេរិកមានមូលដ្ឋានទ័ពអាកាស Al-Asad ដែលប្រើប្រាស់សម្រាប់ការចូលរួមគាំទ្រកងកម្លាំងអ៊ីរ៉ាក់ និងចូលរួមបេសកកម្មរបស់អង្គការយោធាណាតូ។ នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ អាមេរិកក៏មានមូលដ្ឋានទ័ពអាកាសErbil ដែលបម្រើជាមជ្ឈមណ្ឌលកងកម្លាំងចម្រុះធ្វើសមយុទ្ធហ្វឹកហ្វឺននិងសមយុទ្ធប្រយុទ្ធ។
ចំណែកមូលដ្ឋានយោធា Prince Sultanដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុងរីយ៉ាដក៏ត្រូវបានអាមេរិកប្រើសម្រាប់គាំទ្រដល់អាវុធដែនអាកាសអាមេរិកមានដូចជា Patriot ជាដើម។ លើសពីនេះអាមេរិកក៏មានមូលដ្ឋានយោធា Muwaffaq al Salti ស្ថិតនៅក្នុងប្រទេសហ្សកដានី និង Incirlik ស្ថិតក្នុងប្រទេសតួកគីផងដែរ។មូលដ្ឋានយោធាទាំងនេះត្រូវបានគេមើលឃើញថាអាចនឹងរងការវាយប្រហារពីអ៊ីរ៉ង់ ប្រសិនបើអាមេរិកបើកប្រតិបត្តិការវាយប្រហារចូលក្នុងទឹកដីអ៊ីរ៉ង់ដើម្បីជួយបាតុករផ្តួលរំលំរបបដឹកនាំផ្តាច់ការរបស់លោកអាយ៉ាតូឡា អាលី ខេមីណៃ។




















