ចិននិងឥណ្ឌាកំពុងជម្លោះនឹងគ្នារឿងដណ្ដើមដីតាមព្រំដែន -ឥណ្ឌាថាចិនធ្វើសំណង់មួយលើដីព្រំដែនឥណ្ឌា
នៅខណៈនេះប្រទេសមហាអំណាចចំនួនពីរគឺឥណ្ឌានិងចិនកំពុងធ្លាក់ក្នុងភាពតានតឹងព្រំដែនជាមួយគ្នាជាថ្មីម្តងទៀត ដោយឥណ្ឌានៅថ្មីៗនេះត្រូវបានគេដឹងថាបានតវ៉ាចំពោះចិនដែលបានស្ថាបនាសំណង់មួយចំលើខ្សែបន្ទាន់ព្រំដែនរបស់ឥណ្ឌានៅលើជួរភ្នំហិមាល័យ។ ឥណ្ឌាបានចោទប្រកាន់ថាចិនកំពុងរុញស្ថានការណ៍ឱ្យធ្លាក់ក្នុងសភាពតានតឹងដែលនឹងរុញទៅរកជម្លោះជាថ្មី ហើយបានព្រមានឱ្យចិនបញ្ឈប់ជាបន្ទាន់នូវការសាងសង់សំណង់នេះជាបន្ទាន់។ យ៉ាងណាទីក្រុងប៉េកាំងបានអះអាងថា ការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននេះគឺមានតម្លៃរាប់ពាន់លានដុល្លារ ហើយវាត្រូវបានសាងសង់ឡើងក្នុងតំបន់សេដ្ឋកិច្ចរវាងប្រទេសចិននិងប៉ាគីស្ថាន ដែលចិនក៏បានអះអាងថាតំបន់នេះត្រូវបានប៉ាគីស្ថានប្រគល់ឱ្យចិននៅក្នុងកិច្ចព្រមព្រៀងព្រំដែនក្នុងឆ្នាំ១៩៦៣ ដែលឥណ្ឌាមិនទទួលស្គាល់។ ការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធរបស់ចិនក្នុងរយៈពេលប៉ុន្មានខែនេះ រួមមានការពង្រីកផ្លូវថ្នល់ដែលនឹងបង្កើនភាពងាយស្រួលក្នុងការចល័តយោធារបស់ចិនយ៉ាងឆាប់រហ័សដែលវាស្ថិតនៅជិតខ្សែចំណុចព្រំដែនជាក់ស្តែងរវាងឥណ្ឌានិងចិន។ លោក Randhir Jaiswa អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានធ្វើការអះអាងកាលពីសប្តាហ៍មុនថា ទីក្រុងញូវដេលីមិនទទួលស្គាល់កិច្ចព្រមព្រៀងព្រំដែនរវាងចិននិងប៉ាគីស្ថាននោះទេដោយអះអាងពីមានភាពមិនត្រឹមត្រូវតាមច្បាប់ និងមិនមានសុពលភាពនោះទេ។ https://youtu.be/wnBKmdBK5UM លោកបានបន្តលើកឡើងថាឥណ្ឌាមិនទទួលស្គាល់តំបន់ច្រករបៀងសេដ្ឋកិច្ចចិននិងប៉ាគីស្ថាននោះទេ ព្រោះវាបានស្ថិតនៅក្នុងទឹកដីឥណ្ឌារួមមានទាំងតំបន់ Jammu Kashmirនិង Ladakhដែលសុទ្ធសឹងដែលជាកម្មសិទ្ធិរបស់ឥណ្ឌាមិនអាចកាត់ផ្តាច់បាននោះទេ។ យ៉ាងណាទីក្រុងប៉េកាំងបានច្រានចោលការលើកឡើងរបស់ឥណ្ឌា ដោយអះអាងថាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅតំបន់នោះគឺជារឿងស្របច្បាប់ទាំងស្រុងដែលស្ថិតនៅលើដែនដីអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ។កន្លងមកឥណ្ឌាត្រូវបានគេដឹងថា បានដាក់ពង្រាយយោធារបស់ខ្លួននៅតាមតំបន់នោះផងដែរ ដើម្បីឆ្លើយតបនឹងសកម្មភាពរបស់ចិន ។



















