ដោយសាររបបនយោបាយផ្ដាច់ការ វេណេហ្សូអេឡាក្លាយជាប្រទេសលក់ប្រេងទីផ្សារងងឹតសម្រាប់តែចិន
ប្រទេសជាច្រើននៅលើពិភពលោកបានទទួលស្គាល់ថាប្រទេសវេណេហ្ស៊ូអេឡាគឺជាជង្រុកប្រេងដ៏ធំបំផុតមួយនៅតំបន់អាមេរិកខាងត្បូង ដែលផ្ទុកប្រេងរហូតដល់៣០៣ពាន់លានបារ៉ែលស្មើនឹង១៧ភាគរយនៃប្រេងសរុបនៅលើសកលលោក។ យ៉ាងណានៅពេលនេះមានចំណោទបញ្ហាបានចោទឡើងជាសាធារណៈថាតើហេតុអ្វីបានជាប្រទេសដែលសម្បូរទៅដោយធនធានប្រេងដូចវេណេហ្ស៊ូអេឡានិងធ្លាប់ជាប្រទេសដែលបូមប្រេងបានច្រើនផងដែរនោះ នៅពេលនេះបែរជាមិនអាចធ្វើបានដូចកាលពីមុន។ យ៉ាងណាអ្នកជំនាញបានលើកឡើងថា បើទោះបីជាប្រទេសនោះមានប្រេងច្រើនបំផុតក៏ដោយក្តី ក៏ប្រទេសនោះមិនអាចផលិតប្រេងបានដោយងាយស្រួលសម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោកនោះឡើយ។ ជាក់ស្តែងទ្រព្យសម្បត្តិប្រេងដ៏មហាសាលរបស់វេណេហ្សូអេឡាត្រូវបានអ្នកជំនាញចាត់ទុកថា ជាប្រភេទប្រេងធ្ងន់ដែលដំណើរការនៃការផលិតត្រូវបានអ្នកជំនាញសរសេររៀបរាប់ថា វាទាមទារឱ្យមានភាពចាំបាច់ចំនួន៤យ៉ាង។ ភាពចាំបាច់ទី១គឺឧបករណ៍ខួងឯកទេស ទី២របៀបដែលធ្វើឱ្យប្រងធ្ងន់ក្លាយជាប្រេងដែលអាចនាំចេញបាន ទី៣ ការថែទាំអណ្តូងប្រេងជាប្រចាំទប់ស្កាត់ការកកស្ទះប្រេង និងធាតុសំខាន់ទី៤គឺការប្រើប្រាស់សារធាតុគីមីពិសេសដើម្បីជំរុញឱ្យប្រេងនោះមានសភាពស្តើងដែលនាំឱ្យមានភាពងាយស្រួលក្នុងការបង្ហូរ។ នេះបង្ហាញថា ត្បិតតែប្រទេសវេណេហ្ស៊ូអេឡាជាប្រទេសដែលមានទុនបម្រុងប្រេងដ៏ច្រើនមហាសាល ប៉ុន្តែកង្វះប្រសិទ្ធភាពនៃវិធីសាស្ត្រក្នុងការប្រើប្រាស់ឧបករណ៍ទាញយកប្រេងបានក្លាយជាឧបសគ្គសម្រាប់ប្រទេសនេះក្នុងដំណើរការទាញយកប្រេងនិងដឹកជញ្ជូន។ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ ការសម្រេចចិត្តខុសផ្នែកនយោបាយទាំងក្នុងនិងក្រៅប្រទេសក៏បានទាញឱ្យប្រព័ន្ធដំណើរការផលិតប្រេងបានដួលរលំ។ ដូចជាកូដកម្មនៅក្នុងឆ្នាំ២០០០ ទៅ២០០៣ បានផ្ទុះឡើងនៅក្នុងក្រុមហ៊ុនប្រេងរដ្ឋមួយ ដែលនៅពេលនោះរដ្ឋបានបណ្តេញបុគ្គលិកប្រមាណជា២០០០០នាក់ប្រហែលនឹង៤០% ដែលក្នុងចំណោមបុគ្គលិកទាំងនោះត្រូវបានគេដឹងថាពួកគេបានកាន់តួនាទីជាវិស្វករ ជាអ្នកគ្រប់គ្រងដែលដឹងពីរបៀបដោះស្រាយបញ្ហាប្រេងឆៅនៅក្នុងប្រទេសវេណេហ្សូអេឡា ។ ការបណ្តេញបុគ្គលិកទាំងនោះចេញពីក្រុមហ៊ុនរដ្ឋវេណេហ្សូអេឡា គឺជាកាបោសសម្អាតរបស់រដ្ឋាភិបាលលោកHugo Chavez ដើម្បីចម្រាញ់យកតែអ្នកស្មោះត្រង់ប៉ុណ្ណោះ។ ...



















