ចារកម្មអ៊ីស្រាអែលបានអះអាងថាអាមេរិកនឹងវាយលើអ៊ីរ៉ង់នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះតែសម្រាប់អ្នកវិភាគភូមិសាស្ដ្រនយោបាយនិងយោធាបានលើកឡើងថាកងកម្លាំងអ៊ីស្រាអែលនឹងវាយបើកផ្លូវកងទ័ពអាមេរិក។

តាមការបញ្ចេញព័ត៌មានដោយក្រុមចារកម្មអ៊ីស្រាអែលបានឱ្យដឹងថា សហរដ្ឋអាមេរិកនៃរដ្ឋការលោកដូ ណាល់ត្រាំអាចនឹងបើកការវាយប្រហារលើអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។ បើតាមរបាយការណ៍របស់ចារកម្មអ៊ីស្រាអែលក៏បានបញ្ជាក់ទៀតថា មុននឹងបើកការវាយប្រហារទៅលើអ៊ីរ៉ង់ សហរដ្ឋអាមេរិកនឹងផ្តល់ដំណឹងទៅកាន់អ៊ីស្រាអែល ខណៈក៏មានការលើកឡើងថាអ៊ីស្រាអែលនឹងបើកការវាយប្រហារមុនទៅលើអ៊ីរ៉ង់ដើម្បីបើកផ្លូវដល់កងទ័ពអាមេរិកវាយប្រហារចូលទឹកដីអ៊ីរ៉ង់តាមក្រោយ។
មន្ត្រីអ៊ីស្រាអែលបានដាក់ក្តីរំពឹងថា ការវាយប្រហាររបស់កងទ័ពសហរដ្ឋអាមេរិកនឹងរួមបញ្ចូលគ្នាជាមួយនឹងការវាយប្រហារដើម្បីផ្តួលរំលំរបបដឹកនាំអាយ៉ាតូឡា អាលី ខេមីណៃ និងការវាយប្រហារតាមអ៊ីនធើណេតរបស់អ៊ីរ៉ង់។ នៅខណៈនេះអ៊ីស្រាអែលបានរៀបចំរួចស្រេចហើយនូវអង្គភាពសន្តិសុខនៅតាមព្រំដែនរបស់ខ្លួន ដើម្បីធ្វើការតានដាននិងឃ្លាំមើលសកម្មភាពណាមួយដែលអ៊ីស្រាអែលអាចនឹងបើកការវាយប្រហារឆ្លើយតប ប្រសិនបើអាមេរិកត្រូវការអន្តរាគមន៍ពីកងទ័ពអ៊ីស្រាអែល។ ជាមួយគ្នានេះរបាយការណ៍ស៊ើបអង្កេតក៏បានបញ្ជាក់ឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Gideon Sa’ar នៅពេលនេះកំពុងធ្វើទស្សនកិច្ចនៅទីក្រុង Abu Dhabi នៃសហព័ន្ធអារ៉ាប់ ដើម្បីបើកកិច្ចប្រជុំជាសម្ងាត់ជាមួយសមភាគីអារ៉ាប់របស់ខ្លួនគឺរដ្ឋមន្ត្រីការបរទេស Abdullah bin Zayed Al Nahyan ប៉ុន្តែមិនបានប្រកាសអំពីលទ្ធផលសម្រេចបានពីកិច្ចប្រជុំនោះទេ។
ក្នុងស្ថានភាពនេះកងទ័ពអ៊ីស្រាអែលនិងតំបន់នានានៅក្នុងប្រទេសអ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចជាមួយនឹងការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស ដើម្បីទទួលយកការវាយប្រហារណាមួយពីអ៊ីរ៉ង់ ដោយអ៊ីស្រាអែលនឹងតបតទៅលើអ៊ីរ៉ង់យ៉ាងឆាប់រហ័យ ប្រសិនបើអ៊ីរ៉ង់បើកការវាយប្រហារណាមួយចូលទឹកដីអ៊ីស្រាអែល។ យ៉ាងណាបើយើងក្រឡេកមើលទស្សនៈរបស់រដ្ឋាភិបាលអ៊ីរ៉ង់វិញបានលើកឡើងថា អ៊ីស្រាអែលជាអ្នកជំរុញឱ្យអាមេរិកបើកការវាយប្រហារចូលក្នុងទឹកដីអ៊ីរ៉ង់ ហើយរបបនេះបានចាត់ទុកបាតុករដែលជាប្រជាជនរបស់ខ្លួនថាជាភេរវករបរទេសដែលចង់ផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួន។ រដ្ឋាភិបាលនៃរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់បានចាត់ទុកថា មហាបាតុកម្មនេះពុំមានភាពត្រឹមត្រូនោះឡើយ ដោយអះអាងថាបាតុកម្មនេះបានផ្ទុះឡើងដោយសារមានការញុះញង់ពីបរទេស។




















