
នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីអំពីការគំរាមកំហែងបញ្ចូលដែនកោះ Greenland ជាទឹកដីរបស់ខ្លួន ប្រទេសដាណឺម៉ាកបានប្រកាសថា ខ្លួននឹងពង្រីកវត្តមានយោធាលើដែនកោះនេះ ហើយនឹងបន្តសមយុទ្ធជាមួយសម្ព័ន្ធមិត្តណាតូផងដែរ ។
ក្រសួងការពារជាតិដាណឺម៉ាកបាននិយាយកាលពីថ្ងៃពុធថា ខណៈដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបានរីករាលដាលដល់តំបន់អាកទិក រដ្ឋាភិបាលហ្គ្រីនឡែន និងក្រសួងការពារជាតិដាណឺម៉ាកបានសម្រេចចិត្តបន្តសកម្មភាពសមយុទ្ធថែមទៀតលើកោះអាកទិកដែលសម្បូរទៅដោយធនធាននេះ។
សេចក្តីប្រកាសព័ត៌មានមួយបានឲ្យដឹងថា “ចាប់ពីថ្ងៃនេះតទៅ នឹងមានវត្តមានយោធាដែលបានពង្រីកនៅក្នុង និងជុំវិញកោះហ្គ្រីនឡែន – ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសសម្ព័ន្ធមិត្តណាតូ។ គោលបំណងគឺដើម្បីបណ្តុះបណ្តាលសមត្ថភាពក្នុងការធ្វើប្រតិបត្តិការក្រោមលក្ខខណ្ឌអាកទិកពិសេស និងដើម្បីពង្រឹងវត្តមានរបស់សម្ព័ន្ធមិត្តនៅក្នុងតំបន់អាកទិក ដែលផ្តល់អត្ថប្រយោជន៍ដល់សន្តិសុខទាំងអឺរ៉ុប និងអន្តរអាត្លង់ទិក”។

ការណ៍ធ្វើអោយវត្តមានយោធាកាន់តែកើនឡើងនៅក្នុងនិងជុំវិញ Greenland ទាំងកងកម្លាំង យន្តហោះចម្បាំង នាវាចម្បាំងពីប្រទេសសម្ព័ន្ធមិត្ត NATO ។
«សកម្មភាពសមយុទ្ធនៅឆ្នាំ ២០២៦ អាចរួមមានការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការផ្តល់ជំនួយដល់អាជ្ញាធរមូលដ្ឋាននៅហ្គ្រីនឡែន រួមទាំងប៉ូលិស ការទទួលកងទ័ពសម្ព័ន្ធមិត្ត ការដាក់ពង្រាយយន្តហោះចម្បាំងនៅក្នុងនិងជុំវិញហ្គ្រីនឡែន និងការធ្វើប្រតិបត្តិការកងទ័ពជើងទឹក»។
បញ្ជាការដ្ឋានអាកទិករួមនឹងជូនដំណឹងដល់ប្រជាពលរដ្ឋនៃប្រទេសហ្គ្រីនឡែនជាបន្តបន្ទាប់អំពីសកម្មភាពនានា និងចូលរួមក្នុងការសន្ទនាយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរហ្គ្រីនឡែនពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធសំខាន់ៗ។
រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បានមានប្រសាសន៍ថា «សន្តិសុខនៅតំបន់អាកទិកមានសារៈសំខាន់ខ្លាំងណាស់ចំពោះប្រទេសដាណឺម៉ាក និងសម្ព័ន្ធមិត្តអាកទិករបស់យើង ដូច្នេះវាសំខាន់ណាស់ដែលយើងសហការគ្នាយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តដើម្បីពង្រឹងសមត្ថភាពរបស់យើងក្នុងការធ្វើប្រតិបត្តិការនៅក្នុងតំបន់»។
នៅក្នុងការអភិវឌ្ឍដ៏សំខាន់មួយ សម្ព័ន្ធមិត្តណាតូជាច្រើននៅអឺរ៉ុប ដូចជា អាល្លឺម៉ង់ ស៊ុយអែត បារាំង និងន័រវែស បានប្រកាសនឹងដាក់ពង្រាយយោធាទៅកាន់ហ្គ្រីនឡែន ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយប្រទេសដាណឺម៉ាក។ចំណែក ប្រទេសកាណាដា និងបារាំង ត្រូវបានគេរាយការណ៍ថា មានគម្រោងបើកស្ថានកុងស៊ុលនៅរដ្ឋធានី Nuuk នៃប្រទេស Greenland នៅក្នុងសប្តាហ៍ខាងមុខ។
ទន្ទឹមនឹងនេះ បន្ទាប់ពីកិច្ចពិភាក្សាជាមួយអនុប្រធានាធិបតីអាមេរិក JD Vance និងរដ្ឋមន្ត្រីការបរទេស Marco Rubio នៅឯសេតវិមានកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក Lars Lokke Rasmussen បាននិយាយថា សេចក្តីថ្លែងការណ៍បន្តរបស់លោក Trump ដែលកំណត់គោលដៅលើ Greenland គឺមិនអាចទទួលយកបានទាំងស្រុងនោះទេ។




















