កងនាវាផ្ទុកយន្តហោះអាមេរិកសម្រុកទៅកាន់តំបន់មជ្ឈិមបូព៌ាខណៈយន្តហោះទម្លាក់គ្រាប់បែកB-52កំពុងហោះល្បាត

សហរដ្ឋអាមេរិកនៅពេលនេះកំពុងធ្វើចលនាសព្វាវុធយោធារបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយការបញ្ជូននាវាផ្ទុកយន្តហោះចេញពីសមុទ្រខាងកើតឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា និងមានការអមដំណើរដោយនាវាចម្បាំងនិងនាវាមុជទឹកផងដែរ។
ការដាក់ពង្រាយនូវនាវាចម្បាំងនេះបានកើតឡើងបន្ទាប់ពីភាពតានតឹងនៅតំបន់មជ្ឈិមបបូព៌ាបានផ្ទុះឡើងជាថ្មីម្តងទៀតជាមួយសហរដ្ឋអាមេរិក ខណៈលោកដូ ណាល់ត្រាំអះអាងថាលោកអាចនឹងបើកប្រតិបត្តិការយោធាវាយប្រហារចូលទៅក្នុងប្រទេសអ៊ីរ៉ង់ បើរបបផ្តាច់ការមួយនេះនៅតែបង្កបង្ក្រាបដោយការបាញ់សម្លាប់ទៅលើប្រជាជន។
បើតាមទីបញ្ជាកការកណ្តាលរបស់កងទ័ពសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា បានឱ្យដឹងថាចលនានៃការដាក់ពង្រាយកងនាវាចម្បាំងសហរដ្ឋអាមេរិកនោះ យ៉ាងហោចណាស់នឹងរួមបញ្ចូលនាវាផ្ទុកយន្តហោះចំនួនពីរគ្រឿងគឺUSS Abraham Lincoln និង USS Theodore Roosevelt ដែលនឹងដាក់ពង្រាយនៅតំបន់ឈូងសមុទ្រពែក្សចាប់ពីសប្តាហ៍នេះតទៅ ។
ទន្ទឹមគ្នានេះ យន្តហោះចម្បាំងចំនួន១០០គ្រឿងនឹងត្រូវដាក់ពង្រាយលើនាវាផ្ទុកយន្តហោះ នោះផងដែរ។ តាមមន្ត្រីនៃមន្ទីរប៉ង់តាហ្គោនបានឱ្យដឹងថា ការដាក់ពង្រាយសព្វាវុធយោធារួមមាន នាវាផ្ទុកយន្តហោះ នាវាចម្បាំង នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និង យន្តហោះចម្បាំង នៅតំបន់មជ្ឈិមបូព៌ា គឺជាការបង្ហាញនូវអំណាចយោធា ពង្រឹងសមត្ថភាពយោធារបស់សហរដ្ឋអាមេរិកដើម្បីឆ្លើយតបក្នុងករណីដែលលោកដូ ណាល់ត្រាំអាចឹងបញ្ជាឱ្យកងទ័ពរបស់ខ្លួនបើកការវាយប្រហារទៅលើគោលដៅយោធាជាច្រើននៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់។
គួរឱ្យដឹងថា សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥មករា បានអំពាវនាវទៅកាន់បុគ្គលិកយោធារបស់ខ្លួនឱ្យចាកចេញពីមូលដ្ឋានទ័ពអាកាសដ៏ធំរបស់អាមេរិកនៅក្នុងប្រទេសកាតាជាបន្ទាន់ ទៅកាន់ទីតាំងដែលមានសុវត្ថិភាព ដែលការណ៍នេះជាសញ្ញាបង្ហាញពីកម្រិតខ្ពស់បំផុតដែលអាមេរិកអាចនឹងបើកការវាយប្រហារទៅលើអ៊ីរ៉ង់ដើម្បីជួយបបាតុករផ្តួលរំលំរបបដឹកនាំអាយ៉ាតូឡា អាលី ខេមីណៃ។ រដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ង់ក៏បានបញ្ជាក់រួចហើយថា បើអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការវាយប្រហារចូលទឹកដីអ៊ីរ៉ង់ជាថ្មី នោះមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ានឹងក្លាយជាគោលដៅសំខាន់ដែលនឹងរងការវាយប្រហារដោយអ៊ីរ៉ង់។




















