ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានលើកឡើងពីតម្រូវការអាវុធនុយក្លេអ៊ែរ និងអាវុធផ្សេងៗទៀតដើម្បីទប់ទល់ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ប្រសិនបើដំណើរការចូលជាសមាជិកណាតូរបស់អ៊ុយក្រែនត្រូវចំណាយពេលច្រើនឆ្នាំ ឬរាប់ទសវត្សរ៍ ។
លោក Zelenskyy បានលើកឡើងថាការចូលជាសមាជិករបស់ណាតូគឺ មិនមែនសម្រាប់ថ្ងៃនេះទេ ប៉ុន្តែសម្រាប់ពេលអនាគត ដោយបន្ថែមថា ជាអកុសល ការសម្រេចចិត្តនោះមិនមែនស្ថិតនៅលើអ៊ុយក្រែនជាអ្នកសម្រេចនោះទេ។លោកបានលើកឡើងថាប្រសិនបើដំណើរការដែលអនុញ្ញាតអោយអ៊ុយក្រែនចូលជាសមាជិកនៃអង្គការណាតូនេះត្រូវអូសបន្លាយច្រើនឆ្នាំ ឬច្រើនទសវត្សរ៍ នោះអ៊ុយក្រែនត្រូវការការផ្គត់ផ្គង់នូវអាវុធនុយក្លេអ៊ែរ ប្រព័ន្ធមីស៊ីល ហិរញ្ញប្បទានដល់កងទ័ព 1 លាននាក់ និងត្រូវបញ្ជូនអ្នកពាក់ព័ន្ធទៅកាន់ផ្នែកនៃរដ្ឋរបស់យើង ដើម្បីធានាអោយបាននូវស្ថេរភាពនិងសន្តិសុខក្នុងប្រទេសរបស់យើង។
គួរអោយដឹងថា លោក Trump បានបង្ហាញពីបំណងចង់បញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័ស ដោយអះអាងថាលោកអាចសម្រេចបាននូវចំណុចនេះ ប៉ុន្តែមកទល់ពេលនេះគេមិនទាន់ឃើញដំណោះស្រាយណាមួយនៅឡើយ ហើយវានៅតែមិនច្បាស់ថាតើលោកត្រាំមានគម្រោងបញ្ចុះបញ្ចូលក្រុងម៉ូស្គូឱ្យចូលក្នុងការចរចាដោយរបៀបណា។
របាយការណ៍បង្ហាញថា លោកត្រាំអាចពិចារណាលើកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលបូរណភាពទឹកដីរបស់អ៊ុយក្រែន និងបញ្ឈប់ជំនួយរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន។ ទន្ទឹមនឹងនេះ គ្មានការធានាសន្តិសុខណាមួយត្រូវបានផ្តល់ជូនដល់អ៊ុយក្រែនដើម្បីការពារពីការឈ្លានពានបន្ថែមទៀតពីរុស្ស៊ីនោះទេ។