ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃទី ៥ ខែកុម្ភៈថា បុរសខ្លាំងរុស្ស៊ី លោក Vladimir Putin នឹងព្យាយាម ធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីអូសទាញបេឡារុសឲ្យចូលរួមក្នុងសង្រ្គាមជាមួយរុស្ស៊ីឈ្លានពានលើអ៊ុយក្រែន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ប្រធានាធិបតីអ៊ុយក្រែនបានរំលឹកឡើងវិញនូវការព្រមានរបស់លោកថា លោកពូទីននឹងមិនបញ្ឈប់មហិច្ឆតាឈ្លានពានរបស់ខ្លួនមកលើអ៊ុយក្រែនឡើយ។
បើតាមទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានដកស្រង់សម្តីលោក Zelenskyy ថា ដើម្បីបំពេញតាមមហិច្ឆតារបស់ខ្លួន លោកពូទីន នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរារាំងកុំឱ្យមានការបញ្ឈប់សង្គ្រាមជាមួយអ៊ុយក្រែន។លោកពូទីននឹងបង្កបញ្ហាដល់ប្រទេសផ្សេងៗទៀតដូចជា ប៉ូឡូញ ឬរដ្ឋបាល់ទិកជាបន្តបន្ទាប់ ហើយគាត់នឹងដាក់ពង្រាយកងកម្លាំងនៅលើទឹកដីបេឡារុសថែមទៀត ។គាត់នឹងអូសបេឡារុសចូលក្នុងសង្គ្រាមឈ្លានពានលើប្រទេសអ៊ុយក្រែនដោយកន្លងមករុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយមីស៊ីល ដែលបាញ់ចេញពីទឹកដីបេឡារុស្ស នេះបញ្ជាក់អោយឃើញថាបេឡារុស្សបានចូលរួមក្នុងសង្គ្រាមនេះរួចទៅហើយ។