បើតាម របាយការណ៍កងពលតូចអ៊ុយក្រែនទី 28 បានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់ដោយជោគជ័យនូវយន្តហោះចម្បាំង Su-25 របស់រុស្ស៊ី ដែលកំពុងវាយប្រហារតាមអាកាស នៅក្នុង ក្រុង Toretsk នៃតំបន់ Donetsk ។
យន្តហោះនេះត្រូវបានបាញ់ទម្លាក់ ដោយអង្គភាពមីស៊ីលប្រឆាំងយន្តហោះនៃកងពលតូចថ្មើរជើងទី 28 ជាមួយការសហការណ៍ ជាមួយកងវរសេនាតូច ទី 57 ដោយប្រើប្រាស់ ប្រព័ន្ធការពារដែនអាកាសចល័ត Igla man(MANPAD) ដើម្បីវាយប្រហារលើយន្តហោះរុស្ស៊ី។
ទន្ទឹមនឹងការបាញ់ទម្លាក់ Su-25 កងកម្លាំងអ៊ុយក្រែនក៏រាយការណ៍ថាពួកគេក៏បានបាញ់កំទេចឧទ្ធម្ភាគចក្រ Mi-8 របស់រុស្ស៊ី ដែលព្យាយាមជម្លៀសអ្នកបើកយន្តហោះនោះ។
ប្រភពយោធារុស្ស៊ីបានបញ្ជាក់ពីការបាត់យន្តហោះ Su-25 ហើយបានបញ្ជាក់ថាក្រុមសង្គ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះអ្នកបើកយន្តហោះ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែល Mi-8 ទៅដល់កន្លែង វាបានរងការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក FPV របស់អ៊ុយក្រែនចំនួនបីគ្រឿង។