យោងតាមការចេញផ្សាយដោយសារព័ត៌មានFreedomកាលពីថ្ងៃទី3កុម្ភៈបានអោយដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រដ្ឋបាលរបស់លោកកំពុងធ្វើការចរចាជាមួយអ៊ុយក្រែន រុស្ស៊ី និងភាគីផ្សេងទៀត។
លោកTrumpបានលើកឡើងថា យើងកំពុងដោះស្រាយពីបញ្ហាសង្គ្រាមជាមួយអ៊ុយក្រែន និងរុស្ស៊ី ដោយយើងបានកំណត់ពេលកិច្ចប្រជុំ និងការពិភាក្សាជាមួយភាគីនានា រួមមានទាំងអ៊ុយក្រែន និងរុស្ស៊ីផងដែរ ហើយខ្ញុំគិតថាកិច្ចពិភាក្សានេះនឹងដំណើរការយ៉ាងល្អ។
បេសកជនពិសេសរបស់លោក Trump គឺលោក Keith Kellogg បានព្រមានថា ភាគីទាំងពីរនឹងត្រូវធ្វើសម្បទាន ប្រសិនបើពួកគេចង់បានកិច្ចព្រមព្រៀងបទឈប់បាញ់មួយរួមគ្នា។ លោក Kellogg បានបន្ថែមថា ក្នុងពេលឆាប់ៗនេះ យើងនឹងមានការពិភាក្សាជាមួយភាគីទាំងអស់ ដែលទំនងជាប៉ុន្មានថ្ងៃខាងមុខនេះ ដែលពិតជាសមស្របសម្រាប់ភាគីទាំងពីរ ។
លោក Zelenskyy បានព្រមានថា ការមិនឲ្យទីក្រុង Kyiv ចូលរួមក្នុងការចរចាជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី ស្តីពីសង្គ្រាមនៅអ៊ុយក្រែន នឹងមាន គ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ប្រទេសអ៊ុយក្រែន ។ លោកបានសង្កត់ធ្ងន់ថា តំណាងសហរដ្ឋអាមេរិក អ៊ុយក្រែន រុស្ស៊ី និងសហភាពអឺរ៉ុប ត្រូវតែនៅតុចរចាជុំគ្នា។
លោក Zelenskyy ក៏ធ្លាប់ បាននិយាយថាការធានាសន្តិសុខណាមួយសម្រាប់អ៊ុយក្រែនត្រូវតែមានការចូលរួមពីសហរដ្ឋអាមេរិកដើម្បីឱ្យមានប្រសិទ្ធភាព។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានកត់សម្គាល់ថា ការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅអ៊ុយក្រែន នឹងទាមទារការសម្បទានពីទីក្រុងមូស្គូ និងទីក្រុងគៀវ។ លោកបានស្នើថា អ៊ុយក្រែនអាចនឹងត្រូវបោះបង់ចោលគោលដៅរបស់ខ្លួនក្នុងការដណ្តើមយកទឹកដីទាំងអស់ដែលកាន់កាប់ដោយរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ លោក Zelenskyy បានបញ្ជាក់សារជាថ្មីថា អ៊ុយក្រែននឹងមិនយល់ព្រមចំពោះការសម្របសម្រួលណាមួយដែលពាក់ព័ន្ធនឹងការទទួលស្គាល់ថា ទឹកដីដែលរុស្ស៊ីបានឈ្លានពានកាន់កាប់បាននឹងក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ីនោះទេ ទោះបីជាស្ថិតនៅក្រោមសម្ពាធពីសម្ព័ន្ធមិត្តទាំងអស់ក៏ដោយ។