យោងតាមការចេញផ្សាយដោយសារព័ត៌មានUkraineformបានអោយដឹងថា មនុស្សសរុបចំនួន 4,131 នាក់ត្រូវបានបញ្ជូនមកអ៊ុយក្រែនវិញក្រោយពីជាប់ឃុំឃាំងនៅរុស្ស៊ី ដែលរួមមាន 150 នាក់ជាកងកម្លាំងប្រដាប់អាវុធ សេវាឆ្មាំការពារព្រំដែន ឆ្មាំជាតិ និងប៉ូលីស ក្នុងអំឡុងមានកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសសង្រ្គាមចុងក្រោយនេះ។
របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលត្រូវបានដោះលែងពីការជាប់ជាអ្នកទោសសង្គ្រាម គឺមានអ្នកដែលមានជំងឺធ្ងន់ធ្ងរ និងរបួសធ្ងន់ធ្ងរជាច្រើននាក់ និងអ្នកដែល ជាប់ឃុំឃាំងក្នុងទឹកដីរុស្ស៊ី រយៈពេលជាង 2 ឆ្នាំកន្លះ។ នេះគឺជាការផ្លាស់ប្តូរ អ្នកទោសសង្គ្រាម ជាលើកទី 61 ដែលរៀបចំដោយភ្នាក់ងារ សម្របសម្រួលចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានមកលើអុយក្រែន ។សម្រាប់ទាហានអ៊ុយក្រែនដែលត្រូវបានបញ្ជូនមកវិញពីការជាប់ឃុំឃាំងនឹងទទួលបានការព្យាបាលដ៏ត្រឹមត្រូវ ជំនួយក្នុងការស្តារនីតិសម្បទា និងសមាហរណកម្មសង្គម ក៏ដូចជាការផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុ។
ទន្ទឹមគ្នានេះ អ៊ុយក្រែនក៏បានថ្លែងអំណរគុណដល់ប្រទេសអារ៉ាប់រួមផងដែរសម្រាប់ការជួយជាភ្នាក់ងារផ្លាស់ប្តូរអ្នកទោសសង្គ្រាមនេះ។