កាលពីថ្ងៃអាទិត្យ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់ប្រធានាធិបតីដែលត្រូវបានព្យួរតំណែងគឺ លោក Yoon Suk Yeol ជុំវិញការដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹករបស់គាត់កាលពីខែធ្នូឆ្នាំ២០២៤ យ៉ាងតក់ក្រហល់។
ការិយាល័យរដ្ឋអាជ្ញាកណ្តាលក្រុងសេអ៊ូលបានចោទប្រកាន់លោក Yoon ថាជា “មេក្រុមបះបោរ”។
ភាពចលាចលនយោបាយបានផ្ទុះឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីប្រធានាធិបតីលោក យូន សុក យូលបានដាក់ច្បាប់អាជ្ញាសឹកនិងដាក់ពង្រាយកងកម្លាំងពិសេសទៅកាន់រដ្ឋសភា។
គណបក្សប្រឆាំងបានប្រឆាំងនឹងចំណាត់ការនេះ ហើយបានចោទប្រកាន់ប្រធានាធិបតីលោកយូន សុកយូលថាបានដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹកដែលខុសពីស្ថានភាពជាក់ស្តែង។ ក្រោយមករូបលោកត្រូវបានចាប់ខ្លួន ហើយពេលឥឡូវនេះតុលាការធម្មនុញ្ញកំពុងធ្វើការពិចារណា ថាតើត្រូវដកលោក យូន សុកយូល ចេញពីតំណែងជាប្រធានាធិបតីជាផ្លូវការ ឬត្រូវលើកលោកអោយកាន់តំណែងឡើងវិញ។
ទន្ទឹមនឹងនេះ លោក យូន ដែលជាអ្នកអភិរក្សនិយម បានបដិសេធយ៉ាងខ្លាំងនូវអំពើខុសឆ្គងទាំងឡាយរបស់ខ្លួន ដោយលោកបានហៅច្បាប់អាជ្ញាសឹករបស់លោកថាជាទង្វើស្របច្បាប់នៃអភិបាលកិច្ច។ លោក យូន បានអះអាងថា ចេតនារបស់គាត់គឺដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃរដ្ឋសភាដែលគ្រប់គ្រងដោយសេរី ដែលរារាំងរបៀបវារៈរបស់គាត់ និងចោទប្រកាន់មន្ត្រីកំពូលៗតែប៉ុណ្ណេាះ។
បន្ទាប់ពីលោកយូន បានដាក់ច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសកាលពីថ្ងៃទី 3 ខែធ្នូ មក មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសភាធ្វើបាតុកម្មទាមទារឱ្យលោកយូន ចុះចេញពីតំណែង។
បន្ទាប់មកលោកយូន ត្រូវបានសភាចោទប្រកាន់ និងព្យួររូបលោកពីតួនាទីនៅថ្ងៃទី 14 ខែធ្នូ ដែលធ្វើអោយលោកក្លាយជាប្រធានាធិបតីអភិរក្សនិយមទីពីរដែលត្រូវបានចោទប្រកាន់នៅក្នុងប្រទេស។
ការបះបោរគឺជាបទចោទមួយក្នុងចំណោមបទឧក្រិដ្ឋមួយចំនួនដែលប្រធានាធិបតីកូរ៉េខាងត្បូងត្រូវដក អភ័យឯកសិទ្ធិ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតឬស្លាប់ បើទោះជាកូរ៉េខាងត្បូងមិនទាន់អនុវត្តន៍ច្បាប់ ប្រហារជីវិតអ្នកណាម្នាក់ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយក្តី។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ លោក Han Min-soo បានប្រាប់សន្និសីទសារព័ត៌មានថា អយ្យការតុលាការ បានសម្រេចចោទប្រកាន់ Yoon Suk Yeol ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ថាជាមេក្រុមបះបោរហើយនៅពេលនេះតុលាការកំពូលនឹងកំណត់ថាតើត្រូវដកលោក យូនចេញពីតំណែង ឬផ្តល់អំណាចប្រធានាធិបតីឡើងវិញក្នុងរយៈពេល 180 ថ្ងៃ។
ប្រសិនបើ លោកYoon ត្រូវបានដកចេញពីតំណែង នេាះការបោះឆ្នោតប្រធានាធិបតីនឹងត្រូវធ្វើឡើងក្នុងរយៈពេល 60 ថ្ងៃ។