អង្គភាពពិសេសរបស់អ៊ុយក្រែនបានរាយការណ៍ក្នុងថ្ងៃទី 22 ខែមករានេះថា ទាហាននៃកងវរសេនាធំទី 8 នៃកងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែនបានទប់ទល់នឹងការវាយលុករបស់ទ័ពកូរ៉េខាងជើងនៅក្នុងតំបន់ Kurskក្នុងទឹកដីរុស្ស៊ីអស់រយៈពេល 8 ម៉ោងមុនពេលទ័ពកូរ៉េខាងជើងទាំងនោះដកថយ ដោយបានសម្លាប់ទាហាន២១នាក់ និងរបួស៤០នាក់ ។
សេចក្តីថ្លែងការណ៍នេះកើតឡើងនៅពេលដែលរុស្ស៊ីបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីរុញច្រានកងទ័ពអ៊ុយក្រែនដែលឈរជើងនៅក្នុងតំបន់ភាគខាងលិចនៃប្រទេសរុស្ស៊ីដោយដាក់ពង្រាយ ទ័ពនៃសម្ព័ន្ធមិត្តកូរ៉េខាងជើងក្នុងការវាយលុកជើងគោក។
នៅក្នុងវីដេអូដែលចែករំលែកដោយកងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន ក្រុមវាយប្រហារដ៏ធំនៃទាហានកូរ៉េខាងជើងត្រូវបានគេមើលឃើញថាបានឆ្លងកាត់វាលដ៏ធំមួយ និងព្រៃ បន្ទាប់មកមានវីដេអូប្រយុទ្ធយ៉ាងស្វិតស្វាញដែលមានចម្ងាយតែរាប់សិបម៉ែត្ររវាងភាគីទាំងពីរ។ នៅទីបញ្ចប់វីដេអូក្រាហ្វិក បង្ហាញពីទាហានដែលបានសម្លាប់ដែលអះអាងថាជាជនជាតិកូរ៉េខាងជើង។
ប្រទេសកូរ៉េខាងជើង បានដាក់ពង្រាយទាហានរបស់ខ្លួនប្រហែល 12,000 នាក់នៅក្នុងតំបន់ Kursk ជាកន្លែងដែលអ៊ុយក្រែនបានចាប់ផ្តើមការលុកលុយឆ្លងព្រំដែនដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងខែសីហាឆ្នាំ 2024 ដើម្បីនាំយកសង្រ្គាមទៅកាន់ទឹកដីរុស្ស៊ី។ ប្រធានាធិបតី Volodymyr Zelensky បានអះអាងនៅដើមខែមករាឆ្នាំ 2025 ថា ទ័ពកូរ៉េខាងជើងស្លាប់ និងរបួសចំនួន 4,000 នាក់ ។
ជាថ្នូរនឹងការជួយមកច្បាំងនឹងទ័ពអ៊ុយក្រែនរុស្ស៊ីបានផ្ដល់ប្រាក់ជាង ២០០០ ដុល្លារសម្រាប់ទាហានកូរ៉េខាងជើងម្នាក់ៗ តែទឹកប្រាក់ទាំងនោះមិនទាន់ច្បាស់ការនៅឡើយនោះទេ នេះបើយោងតាមការបញ្ជាក់ពីមន្ដ្រីស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន។