លោកត្រាំថ្លែងថារដ្ឋការរបស់លោកគឺជា« បដិវត្តន៍សុភវិនិច្ឆយ»និង«យុគសម័យមាសចាប់ផ្ដើមហើយ»

 លោក ដូណាល់ត្រាំ ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤៧​របស់​អាមេរិកជាផ្លូវការ។ ក្នុងពិធីដ៏ឧឡារិកនេះលោកបាន​ថ្លែងសច្ចា​ថា​នឹង​ចេញ​បទ​បញ្ជា​ឆាប់​រហ័ស​ឱ្យ​មាន​ការ​កែប្រែ​គោលនយោបាយ​ រួម​បញ្ចូល​ទាំង​ការ​បញ្ជូន​ជន​ចំណាកស្រុក​​គ្មាន​ឯកសារ​ត្រឹមត្រូវ​រាប់​លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។


លោកប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧នេះក៏បាន​ថ្លែងប្រកាសក្នុង​សុន្ទរកថា​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ថា«យុគសម័យ​មាស​របស់​អាមេរិក​ចាប់ផ្តើម​ហើយ​នៅ​ពេល​ឥឡូវនេះ។ ចាប់​ពី​ពេល​នេះ​ត​ទៅ ការ​ចុះថមថយ​របស់​អាមេរិក​លែង​មាន​ទៀត​ហើយ។ យើង​នឹង​ដឹកនាំ​អាមេរិក​ឆ្ពោះទៅ​កាន់​ជ័យ​ជម្នះ​និង​ជោគជ័យ​កម្រិត​ថ្មី​មួយ។ គ្មាន​សុបិន​ណា​ដែល​យើង​មិនអាច​សម្រេច​បាន​នោះទេ។​ យើង​នឹង​មិន​រង​ការ​ខូចខាត។ យើង​នឹង​មិន​បរាជ័យ​នោះទេ»។

លោក ដូណាល់ត្រាំ អាយុ​៧៨ឆ្នាំ គឺជា​ប្រធានាធិបតី​ទី២ បន្ទាប់​ពី​អតីត​ប្រធានាធិបតី Grover Cleveland ក្នុង​ទសវត្សរ៍១៨៩០ ដែល​បាន​កាន់​តំណែង​ប្រធានាធិបតី​នៅ​អាណត្តិ​ទី២​ប៉ុន្តែ​មិនជាប់គ្នា។ 
លោកដូណាល់ត្រាំជា​ប្រធានាធិបតី​ចាស់​បំផុត​ដែល​ស្បថចូល​កាន់តំណែង​ជា​ប្រធានាធិបតី ដែល​លោក Biden ពេល​ស្បថចូល​កាន់​តំណែង​កាលពី​៤ឆ្នាំ​មុន​មាន​អាយុ​ក្មេង​ជាង​លោក Trump ៥ខែ។ លោក Vance អាយុ​៤០ឆ្នាំ ដែល​មុននេះ​លោក​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ Ohio បាន​ស្បថ​ចូល​កាន់​តំណែង​ជា​អនុប្រធានាធិបតី​ទី​៥០ និង​ជា​អនុប្រធានាធិបតី​ក្មេងជាងគេ​ទី៣​ក្នុងប្រវត្តិសាស្ត្រ៕






Post a Comment (0)
Previous Post Next Post

Recent in Posts