ប្រធានចារកម្មប្រទេសអ៊ុយក្រែន លោក Kyrylo Budanov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី The War Zone ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេសង្ស័យថានឹងបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់តំបន់ Kursk របស់រុស្ស៊ី ដែលភាគច្រើនជាកងទ័ពកាំភ្លើងធំ និងទ័ពមានជំនាញខាងគ្រាប់រ៉ុក្កែត។
ទីក្រុងព្យុងយ៉ាង ក៏ត្រូវបានគេរំពឹងថានឹងបញ្ជូនមីស៊ីលបាលិស្ទិករយៈចម្ងាយខ្លី KN-23 ចំនួន 150 គ្រាប់ទៅកាន់ ប្រទេសរុស្ស៊ី ក្នុងឆ្នាំ 2025 បន្ថែមពីលើ មីស៊ីល148គ្រាប់ ដែលបានផ្គត់ផ្គង់រួចហើយក្នុងឆ្នាំ 2024 នេះ បើយោងតាមរបាយការណ៍របស់ប្រធានចារកម្មអ៊ុយក្រែន ។
លោក Budanov បានកត់សម្គាល់ថា ទីក្រុងមូស្គូនឹងទទួលបានកាំភ្លើងធំ M1989 Koksan 170 មីលីម៉ែត្រ និងប្រព័ន្ធរ៉ុក្កែត M-1991 240 មីលីម៉ែត្របន្ថែមទៀត។ កូរ៉េខាងជើងបានក្លាយជាប្រទេសដែលចេញសកម្មភាពយ៉ាងខ្លាំងជួយដល់ប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន ដោយផ្តល់នូវគ្រាប់កាំភ្លើងធំ គ្រាប់មីស៊ីល និងថែមទាំងបញ្ជូនទ័ពរបស់ខ្លួនដល់ទៅ 12,000 នាក់ ចូលរួមជាមួយប្រទេសរុស្ស៊ីក្នុងការវាយលុកប្រឆាំងនឹងទាហានអ៊ុយក្រែននៅតំបន់ Kursk ។
ទីក្រុង Kyiv បាននិយាយថា ទាហានកូរ៉េខាងជើងបាន ស្លាប់ និងរបួសចំនួន 4,000នាក់ រួចទៅហើយ ទោះបីជាចំនួននេះមិនអាចផ្ទៀងផ្ទាត់អោយបានជាក់លាក់ក៏ដោយ ។
លោក Budanov មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីចំនួនទ័ពដែលកូរ៉េខាងជើងនឹងបញ្ជូនទៅកាន់សមរភូមិលើទឹកដីរុស្ស៊ីឬក៏កាលបរិច្ឆេទ ការមកដល់របស់ពួកគេ។ ប៉ុន្ដែកាសែត New York Times បានរាយការណ៍ថា បើយោងតាមមន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះទម្លាយថា ទាហានក្រុងព្យុងយ៉ាងអាចមកដល់សមរភូមិ Kursk ក្នុងរយៈពេលពីរខែទៀត។
អ្នកជំនាញ ដែលត្រូវបានសម្ភាស ដោយ សារព័ត៌មាន Kyiv Independent បានភ្ជាប់អត្រាអ្នកស្លាប់ និងរបួសរបស់ទាហានកូរ៉េខាងជើងទៅនឹងការខ្វះខាតបទពិសោធន៍ជាមួយនឹងសង្គ្រាមសម័យទំនើប ដ៏យុទ្ធសាស្ត្រ ។
សូមគូសបញ្ជាក់ថាមានតែទាហានកូរ៉េខាងជើងពីរនាក់ប៉ុណ្ណោះដែលកំពុង ជាប់ឃុំឃាំងក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីទីក្រុងព្យុងយ៉ាងបានដាក់ពង្រាយកងទ័ពរបស់ខ្លួននៅតំបន់ Kursk កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន។
ប្រទេសរុស្ស៊ីបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការវាយរុញច្រានកងកម្លាំងអ៊ុយក្រែនចេញពីទឹកដីរបស់ខ្លួន ក្នុងតំបន់ Kursk ដែលត្រូវបានកងកម្លាំងពិសេសរបស់ប្រទេសអ៊ុយក្រែនវាយរុលចូល ពីដើមខែសីហា ឆ្នាំ 2024 ។ តំបន់នេះត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចរចាណាមួយចំពេលមានការជំរុញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់កិច្ចចរចាសន្តិភាព។